ប្រវត្តិទិវានៃក្ដីស្រឡាញ់ និងរឿងរ៉ាវរបស់បុគ្គលគំរូនៃទិវានេះស្ថិតនៅជាភាពអាថ៌កំបាំងនៅឡើយ ។ យើងពិតជាដឹងថា ខែកុម្ភៈត្រូវបានចាត់ទុកជាយូរមកហើយថា ជាខែមានអារម្មណ៍រ៉ូមេនទិក (ខែនៃមនោសញ្ចេតនា) ហើយថា ទិវានៃក្ដីស្រឡាញ់ដូចដែលយើងដឹងសព្វថ្ងៃនេះ គឺមានការជាប់ដានពីប្រពៃណីទាំងគ្រិស្តសាសនា និងសម័យរ៉ូមបុរាណ។ ប៉ុន្តែតើលោក Saint Valentine ជាអ្នកណា ហើយលោកមានទំនាក់ទំនងនឹងទម្លាប់ពីបុរាណនេះយ៉ាងដូចម្តេច?
ព្រះវិហារកាតូលិកទទួលស្គាល់សន្តបុគ្គលយ៉ាងតិចបីរូបផ្សេងគ្នាគឺ លោក Valentine ឬក៏ Valentinus ឬក៏អ្នកដែលបូជាជីវិតដើម្បីសាសនា។ រឿងរ៉ាវមួយមានខ្លឹមសារថា លោក Valentine គឺជាបព្វជិតដែលបានបម្រើសាសនា នៅក្នុងសតវត្សរ៍ទី៣ នៅក្នុងសម័យរ៉ូម។
នៅពេលដែលព្រះចៅ ចក្រពត្តិ Claudius II បានសម្រេចថា បុរសនៅលីវទាំងអស់អាចធ្វើជាទាហានបានល្អជាងបុរសដែលមានប្រពន្ធ និងគ្រួសារនោះ លោកក៏បានដាក់ពិធីរៀបការទាំងឡាយឲ្យនៅក្រៅច្បាប់សម្រាប់យុវវ័យ ទាំងអស់។
លោក Valentine ដែលដឹងពីភាព អយុត្តិធម៌របស់ក្រឹត្យច្បាប់នេះបានជំទាស់នឹងព្រះចៅ Claudius និងបន្តធ្វើការរៀបការសម្រាប់គូសេ្នហ៍ក្មេងៗជាសម្ងាត់។ នៅពេលសកម្មភាពរបស់ លោក Valentine ត្រូវបានគេដឹងឮ ព្រះចៅចក្រពត្តិ Claudius ក៏បានបញ្ជាឲ្យគេដាក់គុកគាត់អស់មួយជីវិត។
រឿងរ៉ាវ ផ្សេងទៀតបានលើកឡើងថា លោក Valentine អាចត្រូវបានសម្លាប់ដោយសារតែការប៉ុនប៉ងជួយគ្រិស្តសាសនិករត់គេច ចេញពីពន្ធនាគារ នៅក្នុងយុគសម័យរ៉ូមដ៏សាហាវជាទីដែលពួកគេតែងតែត្រូវបានវាយ ធ្វើទារុណកម្ម។
តាមរឿងរ៉ាវមួយនេះបានឲ្យដឹងថា លោក Valentine ដែលជាប់គុកពិតជាមានជាប់ពាក់ព័ន្ធដោយ «ក្ដីស្រឡាញ់» ដំបូងផ្ទាល់ខ្លួនរបស់គាត់បន្ទាប់ ពីគាត់បានបាក់ចិត្តស្រឡាញ់នារីវ័យក្មេងម្នាក់ ដែលប្រហែលជាកូនស្រីរបស់ឆ្មាំគុកមួយរូបដែលបានទៅសួរសុខទុក្ខគាត់ នៅពេលគាត់ជាប់ក្នុងពន្ធនាគារនោះ។
មុនពេលគាត់ស្លាប់ គេបានចោទថា គាត់បានសរសេរលិខិតមួយផ្ញើទៅនាងថា «ពីបង Valentine របស់អូន» ជាតឹកតាងបង្ហាញមួយដែលមនុស្សជាច្រើននៅប្រើរហូតដល់សព្វថ្ងៃនេះ។ ទោះជាការពិតនៅពីក្រោយរឿងរ៉ាវរបស់លោក Valentine នៅមានភាព ស្រពេចស្រពិលក៏ដោយក៏រឿងរ៉ាវទាំងអស់បញ្ជាក់ពីការទាក់ទាញថា ជាឥស្សរជនមានសមានចិត្តវីរបុរស និងមានមនោសញ្ចេតនាស្នេហាជ្រាលជ្រៅបំផុត។
នៅត្រឹមមជ្ឈិមសម័យប្រហែលជាដោយសារតែកេរ្តិ៍ឈ្មោះ នេះហើយ ទើបលោក Valentine បានក្លាយជាបុគ្គលមួយរូបដ៏មានប្រជាប្រិយបំផុតនៅប្រទេសអង់គ្លេស និងបារាំង។
ប្រភពដើមនៃទិវានៃក្ដីស្រឡាញ់គឺជា ពិធីសាសនាមួយនៅក្នុងខែកុម្ភៈនៅពេលអ្នកខ្លះជឿថា «ទិវានៃក្ដីស្រឡាញ់» ត្រូវបានប្រារព្ធធ្វើនៅពាក់កណ្ដាលខែកុម្ភៈដើម្បីរំឭកខួបនៃមរណភាព របស់ លោក Valentine ដែលប្រហែលជាបានកើតឡើងនៅរង្វង់ឆ្នាំ២៧០នៃគ្រិស្តសករាជនោះគេ អះអាងថា ព្រះវិហារគ្រិស្តសាសនា ប្រហែលជាបានសម្រេចចិត្តកំណត់យកថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះនៅ ពាក់កណ្ដាលខែកុម្ភៈ ក្នុងបំណងធ្វើឲ្យការប្រារព្ធពិធីសាសនា Lupercalia នេះក្លាយជា «គ្រិស្តសាសនា»។ ដោយប្រារព្ធធ្វើនៅពាក់កណ្ដាលខែ កុម្ភៈ ឬក៏ថ្ងៃទី១៥ ខែកុម្ភៈនោះពិធីបុណ្យ Lupercalia គឺជាពិធីបុណ្យរំឭកពី កំណើត ដែលឧទ្ទិសដល់ព្រះ Faunus ដែលជាព្រះរបស់រ៉ូម ដែលមានឥទ្ធិពលខាងកសិកម្មព្រមទាំងឧទ្ទិសដល់ស្ថាបនិកទីក្រុងរ៉ូម គឺលោក Romulus និងលោក Remus ផងដែរ។
ដើម្បីចាប់ផ្ដើមពិធីនេះ សមាជិកបព្វជិត Lupercalia តាមឋានានុក្រមរបស់បព្វជិតរ៉ូមនឹងជួបជុំគ្នានៅរូងភ្នំដ៏ ស័ក្តិសិទ្ធិជាទីដែលព្រះអង្គ Romulus និងព្រះអង្គ Remus ជាស្ថាបនិកទីក្រុងរ៉ូម ត្រូវគេជឿថា មានមេឆ្កែចចកជាអ្នកថែរក្សាពួកទ្រង់។ បព្វជិតទាំងនេះនឹងធ្វើពិធីបូជាយញ្ញសត្វពពែសម្រាប់ធ្វើជាជី និងសត្វឆ្កែសម្រាប់ធ្វើជាភាពបរិសុទ្ធ។ ពេលនោះពួកគេបានពន្លាត់ស្បែកពពែជាច្រើនផ្នែក ហើយជ្រលក់ស្បែកនោះក្នុងឈាមកំពុងបូជាយញ្ញ រួចហើយយកស្បែកពពែនោះទៅជូតថ្នមៗនៅតាមផ្លូវ នានា និងទាំងលើខ្លួនស្ត្រី និងតាមចម្ការដំណាំ។ ដោយមានជំនឿស៊ប់ ពួកស្ត្រីនៅសម័យរ៉ូម បានស្វាគមន៍ដោយការប៉ះលើស្បែកនោះ ព្រោះពួកគេជឿជាក់ថា នឹងផ្តល់ឲ្យពួកគេមានកូនថែមទៀតនៅឆ្នាំខាងមុខៗ និងប្រកបកិច្ចការច្បារដំណាំប្រកបដោយ ភោគផលប្រសើរ។
ថ្ងៃក្រោយ មកទៀត តាមរឿងរ៉ាវបានឲ្យដឹងថា ស្ត្រីវ័យក្មេងទាំងអស់នៅក្នុងទីក្រុងបានដាក់ឈ្មោះខ្លួននៅក្នុង កោដ្ឋធំមួយ។ កំលោះវ័យចាស់ជាងគេនៅក្នុងទីក្រុងនេះម្នាក់ៗនឹងជ្រើសរើសយកឈ្មោះ មួយ ហើយធ្វើជាគូគ្នាសម្រាប់ឆ្នាំនោះជាមួយនឹងស្ត្រីដែលខ្លួនបាន ជ្រើសរើសចំឈ្មោះនោះ។ ការផ្គូផ្គងទាំងនេះជារឿយៗបានបញ្ចប់ដោយមានពិធីមង្គលការ៕