បុរសជនជាតិកាណាដា 2នាក់ ទ្រហ៊ោយំហ៊ូឡើងនៅពេលបានដឹងថា ពួកគេធំធាត់ឡើងដោយការរស់នៅជាមួយឳពុកម្តាយឆ្លាស់គ្នា ក្រោយពីជាមិត្តភ័ក្តិនឹងគ្នាអស់រយៈពេល 41ឆ្នាំ រួចមក។ មូលហេតុគឺដោយសារមន្ទីរសម្ភពដែលបង្កើតពួកគេច្រឡំម្តាយ-កូនរបស់ពួកគេ។
កាលពីថ្ងៃទី 28 សីហា ឆ្នាំ 2016 ថ្មីៗនេះ វេបសាយ CBC News បានរាយការណ៍ពីករណីមន្ទីរសម្ភពមួយដែលធ្វើការខ្ជីខ្ជាបំផុត ដោយការច្រឡំបញ្ជូនទារកខុសម្តាយ ដោយទារកដែលត្រូវបញ្ជូនឱ្យខុសម្តាយគ្នានៅពេលនោះ បានធំធាត់ឡើងក្លាយជាមិត្តសម្លាញ់នឹងគ្នា មុននឹងដឹងការពិតដ៏កំពូលស្រឡាំងកាំងនេះ នៅពេលដែលពេលវេលាកន្លងទៅដល់ទៅ 41 ឆ្នាំទៅហើយ។
លីអន ស្វនសុន និង ដេវិដ ថេត ជូនៀរ សុទ្ធតែជាជនជាតិដើមរបស់ប្រទេសកាណាដា ដែលស្នាក់អាស្រ័យក្នុងទីប្រជុំជន ម៉ានីតូបា ភើត នេស្សឹន តំបន់ជនបទមួយរបស់រដ្ឋ ម៉ានីតូបា ខាងភាគខាងជើងរបស់ទីក្រុង វីនីភេក ប្រមាណជា 460 គីឡូម៉ែត្រ។ ទាំងពីរនាក់កើតមុនក្រោយគ្នាត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ នៅឯមន្ទីរសម្ភព ន័រវេយ៍ ហៅស៍ អ៊ិនឌៀ ក្នុងឆ្នាំ 1975 ដែលជាមន្ទីរសម្ភពតែមួយគត់នៅក្នុងតំបន់នោះ។
ស្វនសុន និង ថេតស្គាល់គ្នា និងជាសម្លាញ់នឹងគ្នា ដូចគ្នានឹងក្រុមគ្រួសាររបស់ពួកគេដែរ ហើយក្រុមគ្រួសាររបស់ពួកគេសុទ្ធតែនឹកឆ្ងល់ និងសង្ស័យលើរូបកូនប្រុសរបស់ខ្លួនដូចគ្នា ព្រោះធំធាត់ឡើងមិនដូចឪពុកម្តាយសោះ តែបែរជាមានភាពដូចស្រដៀងនឹងក្រុមគ្រួសារម្ខាងទៀតខ្លាំងជាងទៅវិញ។
រហូតទាល់តែកាលពីខែ វិច្ឆិកា ឆ្នាំកន្លងទៅ មានព័ត៌មានអាក្រក់មួយបានលេចឮឡើងថា បុរស 2នាក់គឺ លុគ ម៉ូនៀស និង ន័រមែន ផាក ដែលកើតនៅក្នុងមន្ទីសម្ភពមួយនោះដែរនៅក្នុងឆ្នាំ 1975 ដូចគ្នា និងក៏ជាទារកដែលត្រូវពេទ្យបញ្ជូនឱ្យម្តាយឆ្លាស់គ្នា និងត្រូវចិញ្ចឹមថែទាំឱ្យធំធាត់ឡើងដោយគ្រួសាររបស់ទារកម្ខាងទៀតដូចគ្នាដែរ។ ករណីនេះធ្វើឱ្យក្រុមគ្រួសារ ស្វនសុន និង ថេត សម្រេចចិត្តពិនិត្យ DNA និងបានរកឃើញការពិតដ៏មហាកំពូលស្រឡាំងកាំងថា ទាំងពីរនាក់ធំធាត់ឡើងនៅក្នុងគ្រួសារឆ្លាស់គ្នាពិតប្រាកដមែន។
ថេត បង្ហើបឱ្យដឹងទាំងទឹកភ្នែកជោគថ្ពាល់ថា វាប្រៀបដូចជាពេលវេលា 40 ឆ្នាំកន្លងមកនោះ រលាយបាត់អស់រលីងអ៊ីចឹង គេមានអារម្មណ៍អស់សង្ឃឹម វិលវល់ និងខឹងយ៉ាងខ្លាំង តែយ៉ាងណាក៏ដោយ ក្រុមគ្រួសារទាំងពីរខាងបានសម្រេចចិត្តថាចាប់ពីពេលនេះទៅ ពួកគេនឹងរួមបញ្ចូលគ្នាក្លាយជាគ្រួសារធំមួយ ដោយសង្ឃឹមថា វានឹងជួយព្យបាលផ្លូវចិត្ត និងអារម្មណ៍ពួកគេទាំង 2 នាក់បាន។
រឿងបញ្ជូនទារកខុសម្តាយគ្នារបស់ ស្វនសុន និង ថេត នេះ បានក្លាយជាករណីទី 2 ដែលកើតឡើងក្នុងឆ្នាំតែមួយពីមន្ទីរពេទ្យតែមួយដូចគ្នា និងរឹតតែបង្ហាញឱ្យឃើញពីប្រព័ន្ធការចាត់ចែងការងារ ដែលគ្មានគុណភាពរបស់មន្ទីរពេទ្យមួយនេះផងដែរ។ ទាំងអស់នេះ ជនជាតិដើមរបស់កាណាដា មានទាំងអស់ប្រមាណជា 1.4 លាននាក់ ឬគិតជាចំណែកភាគរយក៏ប្រមាណជា 4,3 % នៃចំនួនប្រជាជនទូទាំងប្រទេស ជាក្រុមដែលតែងធ្លាក់ខ្លួនក្លាយជាជនរងគ្រោះក្នុងអំពើឧក្រិដ្ឋកម្ម អំពើហិង្សា រហូតដល់ភាពគ្មានឱកាសខាងសេដ្ឋកិច្ច និងសេវាកម្មខាងសង្គមទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ http://has-has-ha.com/2016/08/3816/