បន្ទាយមានជ័យ៖ កាលពីរវេលាម៉ោង៣រសៀល ថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០១៧ ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ នៅចាំផ្ទះជាមួយបងប្រុស ត្រូវជនមិនស្គាល់មុខ ចាប់ដាក់ក្នុងរថយន្តទៅបាត់ នៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ចឹ ម៉េង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។ មុនកើតហេតុឪពុក ម្ដាយចេញទៅធ្វើការនៅកាស៊ីណូ ដោយទុកកូនប្រុសរបស់ខ្លួនពីរនាក់បងប្អូន ឲ្យនៅចាំផ្ទះ ចំណែកក្មេងរងគ្រោះនៅលេងមុខផ្ទះ ដោយឡែក បងប្រុសអាយុប្រហែល១០ឆ្នាំ នៅក្នុងផ្ទះ គ្រានោះមានក្រុម ជនមិនស្គាល់មុខ មិនដឹងគ្នាប៉ុន្មាននាក់ទេ ក៏បើរថយន្ត ពណ៌ស្កមិនស្គាល់ម៉ាក បានចាប់ក្មេងរងគ្រោះ ដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនទៅបាត់។ ពេលនោះលោកមិនទាន់ ទទួលព័ត៌មានច្បាស់ដែរ តែលោកកំពុងតែស៊ើបសួរ ព្រោះលោកទើបតែទទួលបានដំណឹង។
យោងតាមការលើកឡើងលោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានបញ្ជាក់តាមទូរស័ព្ទថា រឿងរ៉ាវខាងលើនេះ លោកមិនដឹងថា អ្នកណាមកយក ឬក្រុមមិនស្គាល់អត្តសញ្ញាណ ចាប់មែន ឬទេ ព្រោះលោកទើបតែទទួល បានព័ត៌មានប្រហែល ជាម៉ោង៥រសៀល ថ្ងៃកើតហេតុនេះដែរ ។
ចំពោះក្មេងនោះ បើតាមប្រជាពលរដ្ឋប្រាប់ថា គីមានរថយន្តទូរីស ពណ៌ស អត់ស្លាកលេខ ព័ត៌មានយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ ។ តែពេលនេះលោកកំពុងតែ បញ្ជាឲ្យកម្លាំងស៊ើបសួរឲ្យបានច្បាស់ថា ក្មេងខាងលើនោះ បាត់ដោយសារតែ ក្រុមជនមិនស្គាល់មុខចាប់ទៅមែន ឬក៏ខាងណាគេមកយកទៅ ៕