ខេត្តតាកែវ ៖ ដោយសារមានវិបត្តិផ្លូវចិត្តងើបមុខមិនរួច ធ្វើឱ្យបុរសជាប្ដីនិងជាឪពុកឈានដល់ការផឹកថ្នាំបំពុលសម្លាប់ខ្លួនជាមួយកូនតូចៗដែលមិនទាន់ដឹងក្ដីឱ្យស្លាប់ជាមួយខ្លួន ព្រោះតែប្រពន្ធផិតក្បត់ទៅមានប្រុសថ្មីហើយរត់ចោលប្ដីនិងកូនតូចៗទាំង២នាក់ដោយគ្មានការអាលោះអាល័យ ។ ទោះបីជាបែបណា ទង្វើរបស់បុរសជាប្ដីដែលចាប់បញ្ច្រកថ្នាំពុលកូនស្រីតូចៗទាំង២ឱ្យផឹកនោះគឺជាទោសទណ្ឌដែលមិនអាចអត់ឱនឱ្យបាន ។
ហេតុតែជីវិតថ្លៃ កូនស្រីទាំង២ពេលផឹកថ្នាំពុលរួចក៏ប្រកាច់ស្រែករោទ៍ឮដល់អ្នកជិតខាងរត់មកជួយទាន់ពេលក៏បាននាំគ្នាដឹកបញ្ជូនទាំង៣នាក់ឪពុកកូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ លុះពេលគ្រូពេទ្យព្យាបាលបានធូរស្បើយហើយត្រឡប់មកផ្ទះវិញបុរសជាឪពុកក៏ត្រូវប៉ូលិសចាប់ខ្លួន ។ ការចាប់ខ្លួនបុរសជាឪពុកនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ មិថុនា វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅក្នុងភូមិពន្លៃខាងជើង ឃុំពន្លៃស្រុកអង្គរបុរី ។ លោកវរសេនីយ៍ទោ មូល ហួន អធិការនគរបាលស្រុកអង្គរបុរី បានឱ្យដឹងថា បុរសជាឪពុកដែលលាយថ្នាំពុលផឹកប៉ុនប៉ងសម្លាប់ខ្លួនជាមួយនឹងកូនស្រី២នាក់នេះឈ្មោះប៉ុក ថា អាយុ៣៣ឆ្នាំ ។
លោកអធិការបន្តថា មុនពេលកើតហេតុកាលពីថ្ងៃទី២៣ មិថុនា វេលាម៉ោង៤និង៣០នាទីល្ងាច បុរសជាឪពុករូបនេះបានយកក្រមាចងមាត់ទ្វារជាប់ បន្ទាប់មកយកថ្នាំបាញ់ស្មៅនិងថ្នាំសម្លាប់សត្វល្អិតដាក់ក្នុងកែវជ័ររួចកូរជាមួយទឹកហើយចាប់កូនស្រីទាំង២នាក់ម្នាក់ឈ្មោះប៉ុន ស្រីទូច អាយុ៤ឆ្នាំ និងម្នាក់ទៀតឈ្មោះប៉ុន ស្រីនួន អាយុ១០ឆ្នាំ បញ្ច្រកឱ្យផឹករួចក៏ផឹកខ្លួនឯងតាមក្រោយ ។ ពេលផឹករួចកូនស្រីទាំងពីរនាក់បានពុលប្រកាច់ពេញផ្ទះក៏ឮដល់បងប្អូនរស់នៅជិតខាងនាំគ្នារត់មកមើលនិងនាំគ្នាកាប់ទ្វារចូលទៅជួយហើយបញ្ជូនទាំង៣នាក់ឪពុកកូនដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។ លុះពេទ្យព្យាបាលសះស្បើយហើយក៏ត្រឡប់មកផ្ទះវិញ ទើបមានការចាប់ខ្លួនបុរសជាឪពុក ។
នៅចំពោះមុខនគរបាល បុរសជាឪពុករូបនេះនិយាយថា ដោយសារប្រពន្ធផិតក្បត់មានប្រុសថ្មីរត់ចោលទើបធ្វើឱ្យរូបគេមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងលែងចង់រស់នៅលើលោកនេះទៀតរហូតផឹកថ្នាំពុលបញ្ចប់ជីវិតជាមួយកូនទាំង២នាក់ តែត្រូវបានអ្នកជិតខាងជួយទាន់ ។ លោកវរសេនីយ៍ទោ សម សុជាតិ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា បុរសជាឪពុកបានគិតខ្លីប៉ងសម្លាប់កូនស្រីទាំងពីរនាក់ ហេតុនេះហើយទើបប៉ូលិសចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៦ មិថុនា ។ ចំណែកកូនស្រីទាំង២នាក់ បានក្លាយជាក្មេងកំព្រានៅជាមួយមីងមា យាយតា ដោយសារឪពុកក្លាយជាអ្នកទោស ឯម្ដាយវិញក៏បានចាកចោលពួកគេព្រោះតែភ្លើតភ្លើននឹងស្នេហាថ្មី ៕
ប្រភព៖ កោះសន្តិភាព