បុរសម្នាក់វ័យ៥៦ ឆ្នាំម្នាក់ បានចង.កសម្លាប់ខ្លួននៅលើដើមប្រេងខ្យល់ខាងក្រោយផ្ទះចោលប្រពន្ធកូន ដោយបន្សល់នូវពាក្យបណ្ដាំសរសេរនៅគល់ដើមឈើនោះថា”ខ្ញុំឈឺពេក”។
ហេតុការណ៍ខាងលើ បានបង្កកាភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៦និង១៥នាទី ចំណុចដើមប្រេងខ្យល់ចម្ងាយ១០០ម៉ែត្រ ខាងក្រោយផ្ទះរបស់ជនរងគ្រោះឈ្មោះ សំ ឌី ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតក្នុង ភូមិអន្លង់ចក ឃុំនឹង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានឲ្យអ្នកយកព័ត៌មានយើងដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីចងកសម្លាប់ខ្លួន លោកបានបញ្ជាឲ្យមន្ត្រីជំនាញរបស់លោក ចុះដល់ចំណុចកើតហេតុ និងធ្វើការពិនិត្យកន្លែង លើសព។
ក្រោយពីសមត្ថកិច្ចយើងពិនិត្យរួចឃើញថា ជនរងគ្រោះពិតជាបានចងកនៅលើដើមប្រេងខ្យល់សម្លាប់ខ្លួនឯងតាំងតែពីយប់ពិតប្រាកដមែន ដោយជនរងគ្រោះមុននឹងចងកសម្លាប់ខ្លួនបានសរសេរពាក្យបណ្ដាំនៅលើគល់ដើមប្រេងខ្យល់ថា”ខ្ញុំឈឺពេក” ហើយបើតាមសម្តីរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់កាលពីយប់(ជនរងគ្រោះ)បានយកពិល និង ក្រមាចេញពីផ្ទះ ហើយរូបគាត់ស្មានតែប្តីរបស់គាត់ចេញទៅរកត្រីដូចរាល់ថ្ងៃ លុះព្រឹកឡើងទើបប្រទះឃើញចង.កសម្លាប់ខ្លួននៅលើដើមប្រេងខ្យល់ស្លាប់បាត់ទៅហើយ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕